សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) គឺបង្កើតឡើងមកបានដោយមានការចូលរួមគំនិត និងទស្សនៈវិស័យដូចគ្នារបស់ អ្នកសារព័ត៌មានដែលជាអ្នកដឹកនាំនៅតាមស្ថាប័នផ្សព្វផ្សាយដូចជា៖ ទូរទស្សន៍ វិទ្យុAPP កាសែត និងគេហទំព័រជាដើម។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ទទួលបានការអនុញ្ញាតអោយដំណើរការជាផ្លូវការដោយ ក្រសួងព័ត៌មាន តាមរយៈប្រកាសលេខ៖ ២៨៩ ព.មប្រក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ដើម្បីបំពេញតួនាទីស្របតាមលក្ខន្តិកៈ និងគោលបំណងរបស់ខ្លួន។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានកំណត់យកថ្ងៃទៅ៨ សីហា ឆ្នាំ២០១៦ ជាថ្ងៃចាប់បដិសន្ធិ និងជាថ្ងៃប្រវត្តិសាស្រ្តរបស់ខ្លួន។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា មានសមាជិកស្ថាបនិក២០រូប និងមានទីប្រឹក្សា៨រូប ដែលជាថ្នាក់ដឹកនាំវិស័យព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានកម្ពុជាដែលមានបទពិសោធន៍យូរឆ្នាំ។ ក្នុងរយៈពេល២សប្ដាហ៍បន្ទាប់ពីចាប់បដិសន្ធិ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ទទួលបានសមាជិកពេញសិទ្ធិជាង៦០០នាក់។
យើងបានយល់ស្របថា នៅព្រះរាជាណាចក្រកម្ពុជា សេរីភាពសារព័ត៌មាន សេរីភាពការសម្ដែងមតិ និងការបោះពុម្ពផ្សាយ បាននិងកំពុងវិវឌ្ឍន៍ទៅរកលក្ខណៈភាពកាន់តែល្អប្រសើរ។ វឌ្ឍនភាពនេះ ទទួលបានការអបអរសាទរពី រាជរដ្ឋាភិបាល មតិជាតិនិងអន្តរជាតិ ព្រមទាំងសាធារណៈជន។ ដូច្នេះសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលបានកើតឡើងនេះ នឹងដើរតួនាទី ក្នុងការបំពេញបន្ថែម និងរួមចំណែកជួយឲ្យ សេរីភាពសារព័ត៌មាន សេរីភាពសម្ដែងមតិ ការបោះពុម្ពផ្សាយ ព្រមទាំងដើម្បីឲ្យអោយប្រសិទ្ធិភាព និង គុណភាព សេរីភាពសារព័ត៌មាន សេរីភាពសម្ដែងមតិ ការបោះពុម្ពផ្សាយ បានកាន់តែល្អប្រសើរជាបន្តទៀត។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នឹងបន្តដើរតួនាទីក្នុងការប្រមូលផ្ដុំអ្នកសារព័ត៌មានគ្រប់ផ្នែកដើម្បីរួមគ្នាកសាងភាពជាដៃគូទាំងក្នុងកម្រិតជាតិ និង កម្រិតអន្តរជាតិ ដើម្បីជួយចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ជួយបណ្ដុះបណ្ដាលគ្នាទៅវិញទៅមក ជួយពង្រឹងសីលធម៌វិជា្ជជីវៈ ជួយពង្រឹងសមត្តភាពវិជា្ជជីវៈ ជួយគាំពាអ្នកសារព័ត៌មាន ជួយដោះស្រាយបញ្ហា ការប្រឈមនិងការលំបាករបស់អ្នកសារព័ត៌មានទាំងផ្នែកហិរញ្ញវត្ថុនិងស្មារតី ជាពិសេសជួយតម្រែតម្រង់មនសិកាវិជ្ជាជីវៈ ក្នុងសង្គម៕