នារសៀលថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានអនុញ្ញាតឲ្យ លោក សាដា អ៊ូម៉ា អាឡាម (Sardar Umar Alam) តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅអគារសេរីភាព។
ក្នុងជំនួបនោះ លោក សាដា អ៊ូម៉ា អាឡាម បានកើតសរសើរឯកឧត្តម ហ៊ុយ វណ្ណៈ ក្នុងការដឹកនាំ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឲ្យទទួលបានលទ្ធផលផ្លែផ្កាជាបន្តបន្ទាប់។
លោក សាដា អ៊ូម៉ា អាឡាម ក៏បានជំរាបឯកឧត្តម ហ៊ុយ វណ្ណៈ ផងដែរថា គោលបំណងនៃជំនួបនាពេលនេះ គឺដើម្បីកសាងភាពជាដៃគូរវាង សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ជាមួយអង្គការយូណេស្កូ និង ដើម្បីពង្រឹងវិស័យសារព័ត៌មាននៅកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម ហ៊ុយ វណ្ណៈ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានសម្តែងការស្វាគមន៍ ចំពោះបំណងរបស់អង្គការយូណេស្កូ ក្នុងការបង្កើតភាពជាដៃគូដើម្បីពង្រឹងវិស័យសារព័ត៌មាននៅកម្ពុជា។
ឯកឧត្តម ហ៊ុយ វណ្ណៈ ក៏បានថ្លែងប្រាប់ លោក សាដា អ៊ូម៉ា អាឡាម អំពីការងារ ដែលសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សម្រេចបាននាពេលកន្លងមក ក្នុងការរួមចំណែកលើកកម្ពស់វិជ្ជាជីវៈរបស់ អ្នកសារព័ត៌មាននៅកម្ពុជា។